Thursday, July 30, 2015

រឿង «ខ្មោចប្រពន្ធ​ស្ដេច​ល្បែង» ចេញ​ថត​ដល់ ទីក្រុង ហុងកុង


ភ្នំពេញ៖ បច្ចុប្បន្ននេះឧស្សាហកម្មភាពយន្តខ្មែរកំពុងតែមានសន្ទុះរីក ចម្រើនឡើងជាលំដាប់ពី​មួយ​ថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញថា ផលិតកម្មនានាកំពុងតែសម្រុកថតភាពយន្តដាក់បញ្ចាំងតាម​រោង​ភាព​​យន្តទំនើបនានា និង បញ្ចាំងក្នុងស្ថានីយទូរទស្សន៍ហើយក៏ក្នុងន័យដើម្បី​កាត់​បន្ថយ​ភាព​យន្ត​បរទេ​​ស ដែលបាននឹងកំពុងហូរចូលវាយ លុកទីផ្សារភាពយន្តខ្មែរដែរ ។

 

ជាក់ស្ដែងខ្សែភាពយន្តថ្មីមួយទៀត មានចំណងជើងថា «ខ្មោចប្រពន្ធស្ដេចល្បែង» ដែលជាវណ្ណកម្មថ្មី របស់ផលិតកម្ម «H2O Production» បន្ទាប់ពីថតបានប្រមាណជា៨០% នៃផ្ទៃរឿងទាំងមូលក្នុងប្រទេសកម្ពុជា ចាងហ្វាងវ័យក្មេង ក្នុងផលិតកម្មនេះ បានដឹកនាំតួសម្ដែង និងអ្នកបច្ចេកទេស ដើម្បីធ្វើដំណើរទៅថតផ្ដិតយករូបភាព នៅក្នុងទីក្រុង ដ៏ស៊ីវិល័យ ហុងកុង កាលពីល្ងាចថ្ងៃទី២៩ ខែកក្កដានេះ ដើម្បីឲ្យផ្ទៃរឿងកាន់តែប្លែកពីគេ។
រឿង «ខ្មោចប្រពន្ធស្ដេចល្បែង» បានធ្វើពិធីក្រុងពាលី កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ នៅតំបន់លោកយាយម៉ៅ ភ្នំពេជ្រនិល ដែលជាទីតាំងថតមួយ ដ៏សំខាន់ក្នុងប្រទេសកម្ពុជា ដោយមានការចូលរួម ពីសំណាក់តារាសម្ដែង ផលិតករ និងក្រុមការងារជាច្រើន នាក់ ខណៈរឿងនេះមានលោក ប៉ែន ចំរ៉ុង ជាតួឯកប្រុស និងកញ្ញា គង់ វង្សយ៉ាទី ជាតួឯកស្រី ។
លោក យិន សុខហេង ផលិតករ និងជាចាងហ្វាងផលិតកម្ម«H2O Production»បានថ្លែងឲ្យដឹងនៅឯព្រលានយន្តហោះភ្នំពេញអន្តរជាតិ (ពោធិ៍ចិនតុង) មុនពេលចេញដំណើរថា រឿង «ខ្មោចប្រពន្ធស្ដេចល្បែង» ការចេញទៅថតនៅក្នុងក្រុងហុងកុង ទឹកដីដ៏ស៊ីវិល័យ និងរីកចម្រើនទាំងសេដ្ឋកិច្ច និងវប្បធម៌ នេះគឺមានរយៈពេល៤ថ្ងៃ និងមានគ្នាចំនួន៨នាក់ ដោយត្រូវថតច្រើនឈុត ព្រោះសាច់រឿងតម្រូវឲ្យផ្ដិតយក រូបភាពនៅទីនោះ ដើម្បីឲ្យត្រូវនឹងចំណងជើងថា «ស្ដេចល្បែង» ហើយក៏ជាប្លង់ចុងក្រោយនៃសាច់រឿងផងដែរ។
លោកបន្តថា មានផលិតកម្មជាច្រើនមកហើយ ដែលកំពុងផលិតរឿងប្លែកៗគ្នា ហើយថតនៅក្នុងស្រុកខ្មែរច្រើន ប៉ុន្តែស្នាដៃដំបូងរបស់លោកនេះ ចង់ធ្វើឲ្យមានលក្ខណៈប្លែកពីរឿងដទៃ ដោយតម្រូវឲ្យទៅផ្ដិតយករូបភាពដល់ក្រុងហុងកុង ដើម្បីឲ្យផ្ទៃរឿងទាំងមូល មានសកម្មភាពរស់រវើក មានប្លង់ល្អៗ ដូចជាតំបន់ទេសចរណ៍ ផ្លាស់ប្ដូរវប្បធម៌ រវាងគ្នានឹងគ្នា បើទោះបីជាប្រទេសគេជឿនលឿន ជាងយើងយ៉ាងណាក្ដី ក៏យើងចង់ឲ្យមានភាពប្លែកភ្នែកសម្រាប់ទស្សកជនខ្មែរយើងដែរ។
លោក យិន សុខហេង បញ្ជាក់ថា រឿង«ខ្មោចប្រពន្ធស្ដេចល្បែង» មិនមែនផ្ដោតសំខាន់ តែលើការលេងល្បែងនោះទេ ពោលក្នុងរឿងនេះ គឺមានគ្រប់រសជាតិ មានកំប្លែង ខ្មោចព្រាយ ភ័យរន្ធត់ កំសត់ហូរទឹកភ្នែក ការអប់រំឲ្យមនុស្សចេះ កែខ្លួន និងឈុតឆាកបាញ់ប្រហារគ្នា ក្នុងជម្លោះជាដើម ។ ជាពិសេស អ្វីដែលលោកត្រូវគិតជាចម្បងនោះ គឺគុណ ភាពនៃសាច់រឿង ដោយលោកបានសម្រិតសម្រាំង ទាំងតួសម្ដែង ទីតាំងថត បច្ចេកទេសថត និងសម្ភារៈផ្សេងៗ ដើម្បីឲ្យភាពយន្តមួយនេះ មានលក្ខណៈស្ដង់ដារ អាចប្រកួតប្រជែងជាមួយភាពយន្ត ក្នុងស្រុក និងក្រៅស្រុកបាន ។
ផលិតករវ័យក្មេងរូបនេះ បានបន្ថែមទៀតថា មូលហេតុដែលលោក ជ្រើសរើយយកលោក ប៉ែន ចំរ៉ុង និងកញ្ញា គង់ វង្សយ៉ាទី ជាតួឯក ដោយសារតែលោកមើលឃើញថា អ្នកទាំងពីរមានទេពកោសល្យ សម្ដែងល្អស្រាប់ មានការគាំ ទ្រពីមហាជនគ្រប់ស្រទាប់ វណ្ណៈច្រើនដូចគ្នា ដោយបន្ថែមជាមួយនឹង តួសម្ដែងល្បីៗជាច្រើនរូបទៀត គឺនឹងធ្វើឲ្យ ផ្ទៃរឿងទាំងមួល កាន់តែពិសេសទ្វេដង ។
តាមការអះអាង របស់ផលិតករខាងលើ រឿង «ខ្មោចប្រពន្ធស្ដេចល្បែង» នឹងត្រូវចាក់បញ្ចាំង នៅក្នុងខែតុលា ឆ្នាំ២០១៥ ខាងមុខនេះ តាមបណ្ដារឿងភាពយន្តទំនើបនានា ក្នុងក្រុងភ្នំពេញ និងតាមបណ្ដាខេត្ត ៕

ខាងក្រោមនេះជា រូបភាពនៅទីក្រុង ហុងកុង

No comments:

Post a Comment